ខេត្តកណ្តាល៖អគារសាលប្រជុំសាលាស្រុកអង្គស្នួល ទំហំ១៧ ម៉ែត្រ X ២០ម៉ែត្រ ស្ថិតក្នុងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា៖អគារសាលប្រជុំសាលាស្រុកអង្គស្នួល ដែលដាក់សម្ភោធជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ ស្រុកអង្គស្នួល ដើម្បីឱ្យមន្ត្រីរាជការសាលាស្រុក អាចប្រើប្រាស់បានដោយផាសុខភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងសាធារណជននានា មកទទួលសេវាផងដែរ និងស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ ប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរស បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ នីតិកាលទី៦ នៃរដ្ឋ សភាជាតិ នៅតែចាត់ទុកវិស័យទាំង “បួន មនុស្ស ផ្លូវ ទឹក ភ្លើង” ជាអាទិភាព ដោយតម្កល់មនុស្សជាអាទិ ភាពនៅលើគេ។ នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្ន កាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេសកម្ពុជា ឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ «មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ លើគ្រប់វិស័យ, មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ»។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា៖ តាមរយៈអគារថ្មីនេះ គឺពិតជាបានផ្ដល់អត្ថប្រយោជន៍យ៉ាងសំខាន់បំផុតសម្រាប់រដ្ឋបាលស្រុកដូច្នះក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការគ្រប់ ការិយាល័យនៃរដ្ឋបាលស្រុកអង្គស្នួលទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រើប្រាស់ឱ្យចំគោលដៅ ហើយត្រូវរួមគ្នាថែរក្សាសំអាត អនាម័យ ឱ្យបានជាប់ជាប្រចាំ ដើម្បីអាចប្រើប្រាស់យូរអង្វែង លើសពីនេះត្រូវគិតគូរលៃលក លើកគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ រួមទាំងការតុបតែងលម្អទាំងក្នុង និងក្រៅបរិវេណអគារសាលាស្រុកបន្ថែមទៀត ដើម្បីអាចបំពេញតម្រូវការចំពោះមុខ និងធ្វើឱ្យមានបរិស្ថានល្អ។
ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក អាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ សូមបន្តយកចិត្តទុកដាក់ថែរក្សា និងការពារនូវសមិទ្ធផល ដែលសម្រេចបាននាពេលកន្លងមក ដោយចូលរួមអោយបានសកម្មមោះមុត យកចិត្តទុកដាក់ និងខិតខំដោះស្រាយបញ្ហា ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរ ៕
No comments:
Post a Comment