ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទី នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំពិធី "ប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែមិថុនា និងលើកទិសដៅបន្ត និងផ្សព្វផ្សាយផែនការការពារ របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ" ដោយមានការចូលរួម លោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកមេបញ្ជាការ-មេបញ្ជាការរងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ ៦១៥ និង៦១៧ លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៧ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកទាំង១៦ប៉ុស្តិ៍ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ៦៤ប៉ុស្តិ៍ សរុបចំនួន ១៧៨នាក់ ។
លោកឧត្តមសេនីយ៍ស្នងការ បានមានប្រសាសន៍កោតសរសើរចំពោះ មន្ត្រីនៅតាមបណ្ដាអង្គភាពទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសាធារណៈ ក្នុងការ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានយ៉ាងល្អប្រសើរ ។
កងកម្លាំងនគរបាលត្រូវ បន្តការយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង បន្តកិច្ចការការពារ ថែរក្សា សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងបន្តការផ្សព្វផ្សាយបន្ថែម ដល់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងច្បាប់ចរាចរណ៍ផ្លូវគោក ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទាំង ០៧ចំណុច។ លោកអធិការក្រុង-ស្រុកទាំង ៧ ត្រូវបន្តសហការជាមួយផែនការងារជំនាញ យកចិត្តទុកដាក់ ក្នុងការបង្ការ ទប់ស្កាត់បទល្មើសនានា ពិសេសការលួចលេងល្បែងស៊ីសងខុសច្បាប់ បទល្មើសគ្រឿងញៀន ។
ផែនការសំខាន់ៗត្រៀមអនុវត្តន៍នាពេលខាងមុខមាន ៣ចំណុចធំៗ រួមមាន៖
១. ការបំរើសេវាសាធារណៈ និងការថែរក្សាការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ។
២. ផែនការការពារ ប្រមុខថ្នាក់ដឹកនាំ អញ្ជើញចុះសួរសុខទុក សម្ពោធសមិទ្ធផលនានា នៅមូលដ្ឋាន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។
៣. ផែនការការពារយុទ្ធនាការហែរក្បួនឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត ឆ្នាំ២០២៣ របស់គណបក្សនានា នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ឲ្យបានកាន់តែល្អប្រសើរ ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ស្នងការ បានដាក់ចេញនូវទិសដៅបន្ត សម្រាប់អនុវត្តន៍ ជូនមន្ត្រីជំនាញនានា សម្រាប់យកមកអនុវត្តន៍ ពិសេសការពង្រឹងសមត្ថភាព កម្លាំងប្រជាការពារ នៅតាមមូលដ្ឋាន ៕
No comments:
Post a Comment