(ភ្នំពេញ)៖ មានក្រុមហ៊ុនចំនួន១០ បានចូលរួមដេញថ្លៃ នាព្រឹកថ្ងៃចន្ទ ៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០នាទី រដ្ឋបាលខណ្ឌដូនពេញ មានរៀបចំកម្មវិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២៣ នៃរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ក្នុងពិធីនេះក៌មានការអញ្ជើញចូលរួមពី ឯកឧត្តម គឹម ច័ន្ទឌីណា ប្រធានមន្ទីរផែនការរាជធានីភ្នំពេញ, លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ, លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យទាំង១១ និងមានការអញ្ជើញចូលរួមពីលោក-លោកស្រី ចៅសង្កាត់ទាំង១១ ព្រមទាំងមានបណ្តាក្រុមហ៊ុនសរុបចំនួន ១០ ដែលបានអញ្ជើញចូលរួមដេញថ្លៃតាមនីតិវិធី លើគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២៣។
ការដាក់ឱ្យមានការដេញថ្លៃគម្រោងអភិវឌ្ឍន៍សង្កាត់ នាពេលនេះ គឺដើម្បីផ្តល់លទ្ធភាពឲ្យសង្កាត់ ធ្វើការជួសជុល កសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធនានាក្នុងមូលដ្ឋានរបស់ខ្លួនដែលខ្វះខាត ឬធ្វើឲ្យមានសោភ័ណភាព និងដើម្បីធានាឲ្យមានតម្លាភាពក្នុងការចំណាយថវិកាថ្នាក់ក្រោមជាតិ ព្រមទាំងបំពេញសេវាតម្រូវការចំទិសដៅដែលប្រជាពលរដ្ឋចង់បាន ជាពិសេសធានាបាននូវភាពល្អប្រសើររាល់ពេលអនុវត្តកិច្ចសន្យាជាមួយភាគីក្រុមហ៊ុនទទួលបានការដេញថ្លៃ ផងដែរ៕
No comments:
Post a Comment